វិមានព្រឹទ្ធសភា, ២៧ ឧសភា ២៤៖ ជាមួយការសោកស្ដាយចំពោះការចប់អាណត្តិរបស់ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានមានប្រសាសន៍ថា ”ទំនាក់ទំនងកម្ពុជា-ចិនជាប្រវត្តិសាស្ត្រយូរអង្វែង រីកចម្រើនមិនអាចបំបែកបាន ស័ក្តិសមនិងគុណតម្លៃនៃការទុកចិត្តគ្នាជាពិសេសខាងនយោបាយ ទោះបីមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីថ្មីក៏ដោយ”។
វិមានព្រឹទ្ធសភា, ២៧ ឧសភា ២៤៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រាប់ ឯកឧត្តម Mohammed Abdul Hye ឯកអគ្គរដ្ឋទូតបង់ក្លាដែសប្រចាំកម្ពុជាចប់អាណត្តិថា "បង់ក្លាដែស ដែលមានប្រជាជនច្រើនជិត ១៧០លាននាក់ ស្មើប្រមាណ ១០ដងនៃប្រជាជនកម្ពុជា និងនៅក្នុងផ្ទៃដីតូចជាងកម្ពុជា តែបានខិតខំអភិវឌ្ឍប្រទេសអោយសម្រេចបាននូវស្ថិរភាពដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច"។
វិមានព្រឹទ្ធសភា, ២៣ ឧសភា ២៤៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានថ្លែងប្រាប់ ឯកឧត្តម Shohrat Zakri អនុប្រធានគណៈកម្មាធិការអចិន្ត្រៃនៃសភាតំណាងប្រជាជនចិនថា "មិត្តចិនអាចទទួលយកការពិតមួយហើយ គឺការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីថ្មី ពុំមានការផ្លាស់ប្ដូរគោលជំហរណាមួយ(ក្នុងទំនាក់ទំនងកម្ពុជាចិន)ទេ មានតែខិតខំពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំ ជាមួយគំនិតថ្មីៗ និងស៊ីជម្រៅបន្ថែមទៀត”។
បញ្ជាការដ្ឋានកងទ័ពជើងគោក, ២២ ឧសភា ២៤៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញបិទសន្និសីទស្ដីពី “អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍” ព្រមនឹងដំណើរការនៃសាលាក្ដីខ្មែរក្រហមរយៈពេល១៦ឆ្នាំ ព្រមទាំងភារកិច្ចនិងសកម្មភាពការងារសំខាន់ៗ ដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ (អ.វ.ត.ក) បានអនុវត្ត។
និវេសនដ្ឋានទូតជប៉ុន, ១៨ ឧសភា ២៤៖ ក្នុងពិធីពិសារអាហារថ្ងៃត្រង់និងផ្លាស់ប្ដូរយោបល់ពីស្ថានការតំបន់និងអន្តរជាតិ បញ្ហាមីយ៉ាន់ម៉ា, សង្គ្រាមមជ្ឈិមបូព៌ា និងសង្គ្រាមរុស្សី-អ៊ុយក្រែន, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍នឹង ឯកឧត្តម UENO Atsushi អគ្គរាជទូតជប៉ុនប្រចាំកម្ពុជាថា “ឧបករណ៍សង្គ្រាមគឺជាផ្នែកមួយនៃការរីកលូតលាស់នៃបច្ចេកវិទ្យា។ប្រសិនបើពិភពលោកផ្លាស់ប្ដូរពីការប្រើប្រាស់បច្ចេកវិទ្យាធ្វើសង្គ្រាម មកប្រើក្នុងវិស័យសេដ្ឋកិច្ចវិញ ការរីកចម្រើននឹងមានកម្រិតខ្លាំងក្លា"។
វិមានព្រឹទ្ធសភា, ១៧ ឧសភា ២៤៖ ទទួលជួបពិភាក្សាជាមួយសមាជិកព្រឹទ្ធសភាប្រចាំតំបន់ Seine-et-Marne ប្រទេសបារាំង សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធអរគុណចំពោះការវិនិយោគលើស្ថានីយ៍ទឹកស្អាតបាក់ខែង និងបានសំណូមពរឱ្យជួយជំរុញការវិនិយោគបារាំងបន្ថែមទៀត មកកម្ពុជាក្នុងវិស័យផ្សេងៗ និងដាស់ តឿនបារាំងឱ្យយកចិត្តទុកដាក់បង្កើតមជ្ឈមណ្ឌលភាសាបារាំង ដែលពីមុនមានអ្នកនយោបាយបារាំងខ្លះបានបដិសេធនោះ ឡើងវិញ។
១៥ ឧសភា ២៤, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានបង្ហាញ Channel Telegram ផ្លូវការមួយដែលមានឈ្មោះ Samdech Hun Sen of Cambodia/hunsenchat សម្រាប់បងប្អូនសរសេរជា Comment ឆ្លើយតបសារ ឬ Post អ្វីមួយៗ នៅក្នុងនេះបាន។
វិមានព្រឹទ្ធសភា, ១៤ ឧសភា ២៤៖ ទទួលជួបលោកជំទាវ Ping M.kitnikone ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បាន “សម្ដែងក្ដីរីករាយដែលទំហំពាណិជ្ជកម្មប្រទេសទាំងពីរមិនត្រឹមតែមិនមានការប្រែប្រួល ទោះបី ជួបជំងឺកូវីដ-១៩ និងភូមិសាស្ត្រនយោបាយប៉ុណ្ណោះទេ តែធនាគារ ABA នៅបានចូលរួមចំណែកជួយជំរុញវិស័យពាណិជ្ជកម្មឌីជីថល ដែលកំពុងពេញនិយមក្នុងការទូទាត់ទំនិញផ្សេងៗ និងការចាយវាយប្រាក់សម្រាប់ប្រជាពលរដ្ឋកម្ពុជា”។
វិមានព្រឹទ្ធសភា, ០៩ ឧសភា ២៤៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ព្រឹទ្ធសភាលើកទី១ ដើម្បី សំរេចអំពី (១) ការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ, (២) ការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភា, (៣) ការចាត់តាំងក្រុមជនបង្គោលប្រឆាំងអំពើពុករលួយរបស់ព្រឹទ្ធសភា, និង (៤) ការចាត់តាំងគណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា។